ឯកឧត្ដម មាន ចាន់យ៉ាដា ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តឧត្ដរមានជ័យ

ឧត្តរមានជ័យ÷នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់សមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តឧត្ដរមានជ័យ ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានភាពចូលរួមជាង២០០នាក់ផងដែរ។

ឯកឧត្ដម មាន ចាន់យ៉ាដា ប្តេជ្ញាគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសគោលការណ៍ និងសេចក្តីសម្រេចចិត្តរបស់មហា សន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជន កម្ពុជាទូទាំងប្រទេស។ ប្ដេជ្ញាអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ផុតលេខ ផ្កាយមាស៥ ប្រធានព្រឹទ្ធសភា ប្រធានឧត្តមក្រុម ប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងឱកាសប្រារព្ធពិធីបិទមហាសន្និបាត វិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាន អ.ន.ក. ក្នុងឱកាសប្រារព្ធខួបលើកទី១៧ នៃទិវាអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជន គឺសុទ្ធសឹងតែជាអ្នកដែលបានតស៊ូ ពលី និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា និងជាកម្លាំងសាមគ្គីមួយដ៏រឹងមាំដែលបានរួមចំណែកការពារជាតិ ស្ថាបនា និងអភិវឌ្ឍន៍ជាតិ។

ឯកឧត្ដម កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បានផ្ដាំផ្ញើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្នុងខេត្តទាំងអស់ សូមបន្តខិតខំយកចិត្តទុកដាក់ ពង្រឹង ការអនុវត្ត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកឲ្យបានកាន់ផុលផុស និងមានប្រសិទ្ធភាព ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ របស់អតីតយុទ្ធជននិងនិវត្តជន ធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេស នៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ព្រមទាំងត្រូវយកចិត្តទុកដាក់ចាត់ចែងឆ្លើយតបដោះស្រាយឲ្យបានទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *